លោក យឹ​ង យ​ន សម្ពោធ​អាល់​ប៊ុ​ម​ចម្រៀងលើក​ទី​១​របស់​ខ្លួន

  • 2017-12-16 02:10:55
  • Views 129

Shares
A-36-879x512

រាជធានីភ្នំពេញ ៖ លោកយឹង យន ដែលបាននិពន្ធ និងច្រៀងទាក់ទងសម្រស់សហរដ្ឋអាមេរិក នឹងសម្ពោធអាល់ប៊ុមចម្រៀងថ្មីរបស់ខ្លួនមានឈ្មោះថា «ជាប់ស្នេហ៍នៅសហរដ្ឋអាមេរិក» ។ ការរៀបចំកម្មវិធីសម្ពោធ និងការផលិតអាល់ប៊ុមចម្រៀងនេះក្រោមការគាំទ្រថវិកាពីស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា ។

កម្មវិធីប្រគំតន្ត្រីនេះនឹងប្រព្រឹត្តទៅនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ CKCC ដោយមានការចូលរួមពីអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា លោក William Heidt ។

ការសម្ពោធអាល់ប៊ុមចម្រៀងថ្មី (Original Song) របស់លោកយឹង យន ដែលមានការគាំទ្រដោយក្រសួងការបរទេសអាមេរិក ក្នុងគោលបំណងលើកកម្ពស់ការតែងនិពន្ធបទចម្រៀងថ្មីសម្រាប់បម្រើទស្សនិកជនខ្មែរទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាលើកទឹកចិត្តផលិតករមិនឱ្យចម្លងពីបរទេសដែលនាំឱ្យបាត់បង់តម្លៃរបស់សិល្បករ សិល្បការិនីខ្មែរ។

អាល់ប៊ុមបទចម្រៀងថ្មីនេះមានចំនួន១១បទ ដោយនៅក្នុងអាល់ប៊ុមនេះលោកយឹង យន បានច្រៀងរៀបរាប់អំពីបទពិសោធន៍របស់លោក ដែលបានទៅទស្សនារដ្ឋជាច្រើននៃសហរដ្ឋអាមេរិក និងពេលវេលារបស់លោកនៅក្នុងរដ្ឋហ្វ្លរីដា មីនីសូតា ញូវយ៉ក ជាដើម ដោយរំលេចសម្រស់របស់សហរដ្ឋអាមេរិក ធម្មជាតិ និងបរិស្ថាននៅទីនោះ ។

ក្រៅពីនេះមានអ្នកចម្រៀងស្រីបីនាក់ បានចូលរួមច្រៀងស្នាដៃតែងនិពន្ធរបស់លោកយឹង យន គឺអ៊ុន ស្រីលីស ,គ្រីប លក្ខិណា និងចាន់ វណ្ឌី ។

បទចម្រៀងទាំង១១បទ មាន«អនុស្សាវរីយ៍មីនីសូតា» «សម្រស់ហ្វ្លរីដា» «លាហើយឈីខាហ្គោ» «ហ្វ្លរីដាចាំស្នេហ៍» «កុលាបឡូវែល» «សម្រស់ក្រុងញូវយ៉ក» «អារីស្សូណា» «ណោសខារ៉ូឡាញណា» «ខ្ញុំស្រលាញ់ក្រុងឡុងប៊ិច» «វ៉ាស៊ីងតោនឌីស៊ី» និង«ឆ្នេរសមុទ្រណោសខារ៉ូឡាញណា» ។

បទចម្រៀងទាំង១១បទ បានថតជាចម្រៀងខារ៉ាអូខេរួចរាល់ហើយ ដោយចំណាយថវិកាអស់ប្រមាណ១ម៉ឺនដុល្លារ ជាថវិកាគាំទ្រដោយសហរដ្ឋអាមេរិក ។

តារាចម្រៀងយឹង យន បានប្រាប់កោះសន្តិភាពថា មុននឹងលោកឈានទៅដល់ការផលិតអាល់ប៊ុមបទចម្រៀងជាលើកដំបូង ហើយមានការគាំទ្រពីអាមេរិកទៀតនោះ បន្ទាប់ពីលោកបានទៅចូលរួមកម្មវិធីមួយនៅសហរដ្ឋ ឈ្មោះ ONE BEATរយៈពេលមួយខែ កាលពីឆ្នាំ២០១៣ ។ ក្រោយលោកត្រឡប់មកវិញ លោកក៏បាននិពន្ធចម្រៀងបង្ហោះនៅលើយូធូប ក៏មានការចាប់អារម្មណ៍ពីស្ថានទូតអាមេរិក ។

លោកយឹង យន បញ្ជាក់ថា ៖«ខាងស្ថានទូតគាត់ជួយចែករំលែក(Share) ជួយផុសលើផេកស្ថានទូត ហើយដល់ពេលប្រធានការិយាល័យវប្បធម៌ កាលពីលើកមុនគាត់នៅស្រុកខ្មែរ ឃើញ អ៊ីចឹងគាត់ក៏លើកទឹកចិត្តខ្ញុំឱ្យសរសេរឱ្យគ្រប់១០បទ ១១បទចេញជាអាល់ប៊ុមតែម្តងទៅកុំឱ្យធ្វើម្តងមួយអ៊ីចឹង ។ អ៊ីចឹងខ្ញុំក៏សរសេរឱ្យគ្រប់១១បទ» ។

សម្រាប់អាល់ប៊ុមថ្មីនេះ លោកយឹង យន ឱ្យដឹងថា ស្ថានទូតអាមេរិកបានផលិត២០០០ឌីស ។ ក្នុងនោះ៥០០ឌីសនឹងចែកជូនអ្នកចូលរួមក្នុងថ្ងៃសម្ពោធដោយឥតគិតថ្លៃ និង១៥០០ឌីសទៀត ស្ថាតទូតបើកសិទ្ធិឱ្យលោកដាក់លក់នៅលើទីផ្សារ ។

តារាចម្រៀងយឹង យន និយាយថា «សម្រាប់ ខ្ញុំៗគិតថា វានឹងមានការគាំទ្រច្រើន ព្រោះអាហ្នឹងដែលខ្ញុំធ្វើ ពីមុនៗ មកបងប្អូនគាត់ចង់បានច្រើន អ្នកខ្លះសុំកូពី អ្នកខ្លះសុំទិញ តែខ្ញុំអត់មានមានឌីស នៅពេលដែលខ្ញុំមានឌីសខ្ញុំគិតថាគាត់នឹងសប្បាយចិត្ត និងជួយគាំទ្រខ្ញុំច្រើន» ៕

អត្ថបទ ឆេង ចាន់នីតា

ប្រភព កោះសន្តិភាព

Recently Posts