តើអ្នកមានដំណោះស្រាយហើយឬនៅពេលដែល iPhone របស់លោកអ្នកក្ដៅពេលកំពុងប្រើប្រាស់

  • 2017-12-13 01:39:56
  • Views 167

Shares
iphone-getting-hot-670x335

iPhone របស់អ្នក ជួបបញ្ហាម៉ាស៊ីនឆាប់ក្ដៅណាស់មែនទេ? តាមពិតវាមានហេតុផលសមស្របរបស់វា និងមានដំណោះស្រាយជួសជុលយ៉ាងងាយស្រួលជាទីបំផុត។

ពិតណាស់កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកមួយចំនួនជាធម្មតា វាតែងបង្កើតនូវកម្ដៅដោយខ្លួនឯង ប៉ុន្តែពពួកឧបករណ៍ធំៗរមែងមានកង្ហារបញ្ចុះកម្ដៅមួយនៅក្នុងនោះ។ ប៉ុន្តែសម្រាប់ទូរស័ព្ទ iPhone គឺមិនដូចគ្នាទេ ហើយកាលណាបើអ្នកលេងហ្គេមដែលមានក្រាហ្វិកធំៗច្រើន និងការបើកមើលវីដេអូកម្រិត HD ឬធំជាងនោះ ក្នុងរយៈពេលយូរ វានឹងធ្វើឱ្យទូរស័ព្ទឡើងកម្ដៅលឿនមែនទែន។

មិនត្រឹមតែប៉ុណ្ណោះទេ ទៀតសោតបរិយាកាសនៅជុំវិញខ្លួនអ្នក ក៏អាចបង្កជាបញ្ហាបានដែរ ដូចជាការទុកចោល iPhone នៅទីតាំងក្តៅ ក្រោមពន្លឺព្រះអាទិត្យឫក្នុងរថយន្តចោល។

 

តើវាមានផលប៉ះពាល់ទេ បើ iPhone អ្នកឡើងកម្ដៅ?

ផ្នែកគ្រឿងជាច្រើន សម្រាប់ទូរសព្ទ iPhone គឺមិនរងផលប៉ះពាល់ពីការឡើងកម្ដៅនេះទេ លើកលែងតែគ្រាប់ថ្មនៅក្នុងម៉ាស៊ីនមួយគត់។ ជាធម្មតាប្រភេទថ្ម lithium-ion របស់ iPhone មិនអាចនៅទីតាំងដែលមានកម្ដៅខ្ពស់យូរពេកនោះទេ ជួនកាលវាក៏អាចបង្កជាគ្រោះថ្នាក់មកវិញផងដែរ ឫបង្កឱ្យថាមពលថ្មមិនសូវកាន់អ្វីអញ្ចឹងទៅ។

iphone7overheat

តើត្រូវមានដំណោះស្រាយបែបណាបើ iPhone ឡើងកម្ដៅ?

បើអ្នកជួបបញ្ហា iPhone ឡើងកម្ដៅ អ្នកគួរសាកល្បងអនុវត្ត ៨ ជំហានខាងក្រោមសិន៖

១. គួរជៀសវាងការទុកចោលទូរស័ព្ទពីការជះឥទ្ធិពលនៃពន្លឹព្រះអាទិត្យ

២. បើចំណុចខាងលើធ្វើហើយ មិនបានផលទៀត សូមទុក iPhone នៅទីតាំងត្រជាក់វិញម្តង (បញ្ជាក់ មិនមែនទុកចោលក្នុងទូទឹកកកទេ)

៣. ដោះចោលនូវស្រោមការពារ (Case) ពី iPhone

៤. កុំទាន់ប្រញាប់សាកថ្ម ជាពិសេសនៅពេលសាកថ្ម បណ្ដើរចុចប្រើ iPhone បណ្ដើរ សូមទុកវានៅទីតាំងត្រជាក់សិន រួមសឹមធ្វើការសាកធម្មតា

៥. កុំលេងហ្គេមមានក្រាហ្វិចធំ និងកម្មវិធីប្រភេទកាត់តវីដេអូជាដើម

៦. បើកមុខងារ Airplane Mode គួបផ្សំនឹងនោះគួរបិទមុខងារ Bluetooth និង GPS

៧. ប៉ុន្តែបើចាំបាច់ត្រូវធ្វើការខលចេញចូល អ្នកមិនបាច់បើក Airplane Mode ក៏បាន ដោយគ្រាន់តែចូលទៅបិទ Bluetooth និងមុខងារ Location Service នៅក្នុង Settings បានហើយ

៨.កុំទុក iPhone ក្នុងទូទឹកកកឱ្យសោះ ព្រោះការផ្លាស់ប្ដូរសីតុណ្ហភាពរហ័សពេក វាក៏បង្កជាបញ្ហាវិញដែរ។

ដំណោះស្រាយបន្ថែមបើបញ្ហានៅបន្តកើតមាន

  • ចូលទៅក្នុង Settings

  • ចុចចូល Battery

  • រង់ចាំដល់ Battery Usage លោតទិន្នន័យបង្ហាញ ហើយមើលតើកម្មវិធីណា ដែលត្រូវចំណាយថាមពលថ្មខ្ពស់បំផុត

  • ចុចលើ Last 7 Days រួចមើលការបង្ហាញនៃកម្មវិធីនីមួយៗ

  • ក្រោយមក បើកម្មវិធីនោះមិនចាំបាច់ប្រើ សូមលុបវាចោលតាមរយៈការចុចលុបផ្ទាល់នៅលើ Home Screen រួចបិទចោលនូវមុខងារ Location Service ដោយចូលទៅក្នុង Settings > Privacy > Location Services > Turn Off ។

ដំណោះស្រាយបន្ថែមទៀត អ្នកអាចសាកល្បងបិទបើកម៉ាស៊ីនដោយចុចបិទផ្ទាល់តែម្តង ឬចុច Power + Home ប៊ូតុងឱ្យជាប់ក្នុងរយៈពេលប្រមាណ ៤ វិនាទី (ពពួក iPhone 6s ចុះក្រោម) បើ iPhone 7 ឡើងចុច Volume Down + Power ឱ្យជាប់ដូចគ្នា រួចបើកដំណើរការម៉ាស៊ីនមកវិញ។

Detail(10)_large

ចុងបញ្ចប់បើការអនុវត្តទាំងប៉ុន្មានជំហានខាងលើ មិនបានផលទៀតនោះ វិធីពិសេសគឺធ្វើការ Restore ទូរស័ព្ទ iPhone ជាថ្មី។

១. បើកកម្មវិធី iTunes នៅលើ Mac ឫ PC របស់អ្នក

២. ភ្ជាប់ iPhone ទៅកាន់កុំព្យូទ័រ

៣. ធ្វើការ Backup ឯកសារទុកតាមរយៈ iTunes ឫ iCloud

៤. ចុចលើទំព័រ Summary នៃកម្មវិធី iTunes ដែលបានភ្ជាប់ iPhone

៥. ចុច Restore រួចធ្វើតាមដំណាក់កាលរបស់គេ

ករណីបើធ្វើបែបហ្នឹងហើយ នៅតែជួបបញ្ហាទៀត នោះម៉ាស៊ីន iPhone របស់អ្នក កំពុងប្រឈមនឹងបញ្ហាខូច Hardware ហើយ។ វិធីម្យ៉ាងគឺមានតែយកទៅឱ្យជាងជួសជុលដែលនៅជិតលោកអ្នកបំផុតធ្វើការពិនិត្យមើល ដោយបញ្ជាក់ប្រាប់ជាងថា អ្នកបានជួសជុលតាមផ្នែក Software អស់ហើយ ជៀសវាងជាងមិនបានដឹង យកលុយថ្លៃជួសជុលផ្នែក Software ម្ដងទៀត ហើយថែមទាំងខាតបង់ដល់យើងវិញទៀត៕

 

អត្ថបទ៖ កៅ រក្សា

ប្រភពខ្លីៗ

Recently Posts