លោកនាយករដ្ឋមន្ត្រីហ៊ុនសែនថាកងទ័ពគ្មានផ្លូវជឿតាមលោកសមរង្ស៊ីឡើយ

  • 2017-12-12 07:39:44
  • Views 232

Shares

20170621_PMHS-MEMOT-3-056
ប្រមុខរដ្ឋាភិបាលខ្មែរ លោក ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានឆ្លើយតបដោយប្រយោលទំនងជាសំដៅទៅលោក សម រង្ស៊ី បន្ទាប់ពីអតីតប្រធានគណបក្សប្រឆាំងរូបនេះ បានអំពាវនាវកុំឲ្យកងទ័ពស្តាប់បញ្ជារបស់លោក ហ៊ុន សែន និងបញ្ជារបស់មេទ័ពផ្សេងទៀត ឲ្យមកសម្លាប់ប្រជារាស្ត្រខ្មែរ។ ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានថា លោក សម រង្ស៊ី ត្រូវតែមានការប្រុងប្រយ័ត្នចំពោះការនិយាយបែបនេះ ដោយថាប្រសិនជាលោកនៅជិត នោះកងទ័ពនឹងប្រតិកម្មភ្លាមៗ។

នៅចំពោះមុខមេទ័ពកំពូលៗក្នុងពិធីបើកការដ្ឋានសាងសង់អគារចារកម្មកងទ័ពនៅថ្ងៃនេះ ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ថ្លែងថា សូមកុំមានក្តីស្រមៃ ដែលញុះញង់ឲ្យកងទ័ពបះបោរចលាចលប្រឆាំងនឹងរដ្ឋាភិបាលនោះ ដោយថា អ្នកដែលញុះញង់ឲ្យកងទ័ពបះបោរគឺត្រូវតែមានការប្រុងប្រយ័ត្នដែរ ព្រោះកងទ័ពអាចនឹងធ្វើប្រតិកម្មភ្លាមៗ។

ជាមួយនឹងប្រតិកម្មដូចនេះ លោក ហ៊ុន សែន ក៏បានអះអាងថា បក្សនយោបាយគ្មានសិទ្ធិបញ្ជាកងទ័ពឡើយ ប៉ុន្តែរដ្ឋាភិបាលដែលកើតឡើងពីការបោះឆ្នោតទើបមានសិទ្ធិបញ្ជាទៅលើកងកម្លាំងប្រដាប់អាវុធ។

ការឆ្លើយតបដោយប្រយោលរបស់ លោក ហ៊ុន សែន គឺបន្ទាប់ពី លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងកាលពីពេលថ្មីៗនេះ បានថ្លែងថា ប្រសិនបើមានការផ្លាស់ប្ដូរ រដ្ឋាភិបាលរបស់លោកនឹងយកទ្រព្យសម្បត្តិពីមេទ័ពពុករលួយ យកទៅចែកកូនទាហានវិញ និងធានាឲ្យកូនទាហានបានប្រាក់ខែច្រើនជាងមុន។ ជាមួយគ្នានោះ លោក សម រង្ស៊ី ក៏អំពាវនាវកុំឲ្យកូនទាហានស្ដាប់បញ្ជារបស់លោក ហ៊ុន សែន និងបញ្ជារបស់មេទ័ពផ្សេងទៀត មកសម្លាប់ប្រជារាស្ត្រខ្មែរ។

ប៉ុន្តែក្រោយពីការថ្លែងរបស់លោក សម រង្ស៊ី បែបនេះ លោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទ តាមរយៈមេធាវីរបស់លោកកាលពីសប្តាហ៍មុន បានដាក់ពាក្យបណ្តឹងប្តឹងលោក សម រង្ស៊ី ទៅកាន់តុលាការក្រុងភ្នំពេញ ក្រោមបទចោទញុះញង់កងទ័ពប្រឆាំងរដ្ឋាភិបាល។ កាលពីចន្ទម្សិលមិញ តុលាការក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះ ឲ្យចូលខ្លួនឆ្លើយបំភ្លឺចំពោះបណ្តឹងនេះនៅថ្ងៃទី១១ខែមករាឆ្នាំ២០១៨។

ទោះជាយ៉ាងណានៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីនៅយប់ថ្ងៃចន្ទ លោក សម រង្ស៊ី នៅតែអំពាវនាវម្តងហើយម្តងទៀត កុំឲ្យពលទាហានស្តាប់បញ្ជារបស់លោក ហ៊ុន សែន និងមេទ័ព ផ្សេងទៀត ដែលលោក សម រង្ស៊ី ថាជាការបញ្ជាឲ្យសម្លាប់ពលរដ្ឋខ្មែរ។

លោក សម រង្ស៊ី អះអាងថា ការអំពាវនាវរបស់លោកធ្វើឲ្យកូនទាហានដែលកើតចេញពីប្រជាពលរដ្ឋមានការសប្បាយចិត្តប៉ុន្តែលោកថាផ្ទុយទៅវិញមេទាហានគឺជាអ្នកខូចចិត្ត។

ចំពោះការកោះហៅរបស់តុលាការជុំវិញបណ្តឹងរបស់មេទ័ពនោះ លោក សម រង្ស៊ី អះអាងថា លោកនឹងចូលបំភ្លឺតាមរយៈវីដេអូSkype បើសិនជាតុលាការយល់ព្រម។

សូមបញ្ជាក់ថា មកដល់ពេលនេះ លោក សម រង្ស៊ី បានរងបណ្តឹងចំពោះ៩ ដែលសុទ្ធសឹងជាបណ្តឹងដែលធ្វើឡើងដោយមន្រ្តីរដ្ឋាភិបាលកម្ពុជា ក្នុងនោះ៥បណ្តឹងបានកាត់ទោសរួចហើយ ខណៈ៤បណ្តឹងទៀតនៅកំពុងដំណើរនីតិវិធី៕

អត្ថបទ៖ អ៊ឹង ប៊ុនថន

ប្រភពវិទ្យុបារាំង

Recently Posts