ប្រវត្តិសង្ខេបរបស់ លោកតា កេង វ៉ាន់សាក់

  • 2017-12-10 17:30:39
  • Views 188

Shares
11953243_761289917326207_1049352147352929856_n

ឈ្មោះពេញ កេង វ៉ាន់សាក់ ថ្ងៃកំនើត ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥ ទីកន្លែងកំនើត ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ឪពុកឈ្មោះ កេង ស៊ីផាន់ មា្តយឈ្មោះ ហម មុខងារ អ្នកបង្កើតពុម្ពអក្សរខ្មែរសម្រាប់ប្រើក្នុងម៉ាស៊ីនអង្គុលី លេខនិងធ្លាប់បាននិពន្ធសៀវភៅស្រាវជ្រាវវប្បធម៌ អក្សរសាស្ត្រ រឿងល្ខោន កំណាព្យ និងរឿងខ្លីៗ តាំងពីទសវត្សរ៍ ១៩៤០ ។


លោកបណ្ឌិតសាស្រ្តាចារ្យកេងវ៉ាន់សាក់បានទទួលមរណភាពដោយសារជំងឺទឹកចូលសួតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅ។ សពកវីនិពន្ធអក្សរសាស្ត្រខ្មែរដ៏ល្បីល្បាញនិងជាស្ថាបត្យករ អង្គុលីលេខខ្មែរសម័យទសវត្សរ៍ឆ្នាំ១៩៥០ គឺលោកបណ្ឌិត កេង វ៉ាន់សាក់ ត្រូវបានគេដង្ហែចេញពីទីតម្កល់ទៅកាន់ទីប៉ាឆាមួយកន្លែងនៅ ទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃអង្គារនេះដើម្បីបូជាយកអដ្ឋិធាតុទៅតម្កល់ជាមួយមាតារបស់លោកនៅកម្ពុជាដោយមានព្រះសង្ឃស្វាធ្យាយព្រះសត្តប្បការណាភិធម្មបង្សុកូលឧទ្ទិសកុសលបច្ឆា មរណៈផង។

លោកបណ្ឌិត កេង វ៉ាន់សាក់ ដែលមានប្រវត្តិរូបប្រកបដោយភាពស្មុគស្មាញនោះបានប្រសូតនៅថ្ងៃ សៅរ៍ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ សប្ដស័ក ពុទ្ធសករាជ ២៤៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥។

លោក កេង វ៉ានសាក់ ដែលមានមាតាឈ្មោះ ហម អ្នកខេត្តពោធិ៍សាត់ជាប់សែស្រឡាយជាញាតិវង្សទៅនឹងម្ចាស់ក្សត្រីមល្លីកា ព្រះមហេសីនៃព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ និងមានបិតាឈ្មោះកេង ស៊ីផាន់អ្នកខេត្តកំពង់ចាមមានវ័យចម្រើនធំធាត់នៅក្នុងភូមិកំពង់បឹង ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង។ ប្រវត្តិស្មុគស្មាញរបស់លោក កេង វ៉ាន់សាក់ រាប់បញ្ចូលទាំងបិតាឈ្មោះ កេង ស៊ីផាន់ ផង ដែលលោកធ្លាប់មានប្រសាសន៍ប្រាប់មនុស្សទូទៅថា លោក កេង ស៊ីផាន់ នេះ គឺជាមនុស្សដែលគេឧបកិច្ចទុកជាឪពុកដើម្បីជាកិច្ចចម្លងប៉ុណ្ណោះហើយឪពុកចម្លងរូបនេះតែងតាមព្យាបាទនិងធ្វើទុក្ខបុកម្នេញលើរូបលោកតាំងពីកុមារភាពរហូតមក។ ទោះបីយ៉ាងណាក្ដីក្នុងប្រវត្តិជីវិតលោកបណ្ឌិត កេង វ៉ាន់សាក់តែងបានចូលប្រឡូកនឹងការប្រែប្រួល របស់ប្រទេសជាតិសឹងតែគ្រប់ចលនា ដោយរួមទាំងចលនានយោបាយក្នុងសម័យទាមទារឯករាជ្យ ចលនាអក្សរសាស្រ្ដខ្មែរ និងចលនានយោបាយ
ចម្រើនជឿនលឿននិយមដោយក្រោយមកបានក្លាយជាវាលពិឃាត សម្លាប់មនុស្សរាប់លាននាក់នារបបកម្ពុជាប្រជាធិបតេយ្យផង។

ទោះបីយ៉ាងណាក្ដីក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីមុន ការចាប់ខ្លួនរបស់តុលាការខ្មែរក្រហម អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា បានបដិសេធថា លោក កេង វ៉ាន់សាក់ ពុំមែនជាមេខ្មែរក្រហមឡើយ។

គួររំឭកថាសកម្មភាពផ្សេងៗក្នុងឆាកនយោបាយនិងអក្សរសាស្រ្ដបានបណ្ដាលទុក្ខ កង្វល់ដល់ក្រុមគ្រួសារនិងខ្លួនលោកផ្ទាល់ជាច្រើនលើក។ នៅពេលអាយុ៣០ឆ្នាំលោកបណ្ឌិតកេង វ៉ាន់សាក់ បានត្រូវជាប់គុកជាច្រើនខែ ផ្ដើមឡើងនៅព្រលប់មួយនៅខែកញ្ញា ឆ្នាំ១៩៥៥ គឺនៅថ្ងៃគណបក្សប្រជាធិបតេយ្យដែលមានលោកជាអគ្គលេខាធិការបានចាញ់ឆ្នោតគណបក្សសង្គមរាស្រ្ដនិយមដឹកនាំដោយសម្ដេចព្រះឧបយុវរាជ នរោត្ដម សីហនុក្រោមបទចោទប្រកាន់ថាបានដាក់ផែនការបាញ់សម្លាប់មេដឹកនាំនិងបេក្ខជនក្នុងគណបក្សសង្គមរាស្រ្ដនិយមតាមការឆ្លើយដាក់របស់បុគ្គលិកក្នុងក្រសួងចារកម្មម្នាក់ ឈ្មោះ ជ័យ សុផល។

នៅអាយុ៣៧ឆ្នាំ លោក កេង វ៉ាន់សាក់ បានត្រូវចាប់ដាក់គុកជាថ្មីម្ដងទៀតនារដូវភ្ជុំបិណ្ឌនៃឆ្នាំ ១៩៦៨ក្នុងបទសង្ស័យថាបានធ្វើឲ្យមានការរំជើបរំជួលច្របូកច្របល់ក្នុង ការចាត់ចែងអក្សរសាស្រ្ដជាតិពេលដែលលោកធ្វើជាសាស្រ្ដាចារ្យអក្សរសាស្រ្ដខ្មែរនៅពុទ្ធិកៈ មហាវិទ្យាល័យព្រះសីហនុរាជ។

លោកសាស្រ្ដាចារ្យ កេង វ៉ាន់សាក់ ដែលបើតាមប្រវត្តិនៃមន្រ្តីបុគ្គលិកសិក្សាប្រទេសកម្ពុជាគឺជា បុគ្គលិកសិក្សាលេខរៀងទី១ផងនោះ ជាបញ្ញាជនដែលស្គាល់ខ្លួនលោកថាពុំមានយោបល់ស្របជាមួយបញ្ញាជនឬ អ្នកដឹកនាំដទៃទៀតឡើយ។ លោកមើលឃើញថាអ្នកដឹកនាំទាំងនោះពុំមានឆន្ទៈពិតនឹងដឹកនាំប្រទេសខ្មែរឲ្យរួចចាកផុតពីការត្របាក់យកនៃពួកបរទេសឡើយ។

ស្នាដៃរបស់លោក ដូចជារឿង សាច់មិនបានស៊ីយកឆ្អឹងព្យួរក, អន្ទិតគោលោត, ចិត្តក្រមុំ, គុកកាមកិលេស, ល្បែងល្បោយ, ខ្មែរស្លាប់ខ្មែររស់ និងការនិពន្ធជាភាសាបារាំងវិញ ដូចជា សំណេរ ហ្គ្វលកេ អាស់ស្ពេក ឌឺឡា លីតឈើរែតឈើខ្មែរ រឿង រៀមកេរ ដែលបានបោះពុម្ពនៅកម្ពុជា អត្ថបទនៃនិក្ខេបទ វប្បធម៌ខ្មែរដ៏ល្អនិងកំរកបាន និងកំណាព្យជាភាសាបារាំង ឈ្មោះ ត្រេនឌីដេ ដាន់ផាប់ផូល. គឺជាអ្នកបង្កើតពុម្ពអក្សរខ្មែរសម្រាប់ប្រើក្នុងម៉ាស៊ីនអង្គុលីលេខនិងធ្លាប់បាននិពន្ធសៀវភៅស្រាវជ្រាវវប្បធម៌ អក្សរសាស្ត្រ រឿងល្ខោន កំណាព្យ និងរឿងខ្លីៗ តាំងពីទសវត្សរ៍ ១៩៤០ នោះមក។

កាលនៅមានជីវិតលោកសាស្រ្ដាចារ្យ កេង វ៉ាន់សាក់ ធ្លាប់មានប្រសាសន៍ថា ៖ «កាលហ្នឹង ខ្ញុំជាអ្នកស្រឡាញ់ជាតិ ស្រឡាញ់ស្រុក ស្រឡាញ់ខ្មែរហ្នឹងហើយដឹងថាខ្មែរហ្នឹងកំពុងតែជាប់ភាសាបារាំងភាសាចិន ភាសាយួន ដោយសារមេដឹកនាំខ្មែរពុករលួយ ដោយសារស្ដេចយើង ដោយសាររាស្រ្ដយើង
ហ្នឹងល្ងង់ខ្លៅពេញស្រុកទាំងអស់ ឱនក្បាលក្រាបតាមតែគេហ្នឹង។ ដឹងអាហ្នឹងទៅឈឺចាប់រហូតអ៊ីចឹងមក ហើយទទួលរឿងឪពុកម្ដាយខ្ញុំពិបាកថែមទៀត មានចិត្តក្នុងខ្លួនថាធ្វើម៉េចខំរៀនឲ្យបានចេះដឹង ទាស់នឹងបារាំងហ្នឹងខ្លាំងជាងគេ។ ខ្ញុំខំធ្វើម៉េចឲ្យប្រើភាសាខ្មែរបាន សរសេរអក្សរជាអក្សរពុម្ពបាន ហើយយកមកប្រើដើម្បីឲ្យយើងអាចឯករាជ្យបាន។ អាហ្នឹងជាប្រាថ្នាធំជំនាន់ហ្នុង គឺថា ឯករាជ្យមិនកើតគឺយើងអត់មានម៉ាស៊ីនសរសេរ។ សរសេរដៃហ្នឹងកិច្ចការរដ្ឋទៅមិនទាន់ទេ...»។

ទោះបីយ៉ាងណាក្ដីទាក់ទងនឹងប្រវត្តិជីវិត លោក កេង វ៉ាន់សាក់ បើតាមនិទានមួយផ្ដល់ដោយអ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ឲ្យដឹងថា លោក
កេង វ៉ាន់សាក់គឺជាបុត្រាពៅបន្ទាប់ពីបុត្រីបងពីរនាក់របស់អ្នកម្នាង ហមដែលជាអ្នកម្នាងរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឌួងលក្ខិណាព្រះអនុជបង្កើតរបស់ព្រះករុណា ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ព្រះចៅក្រុងកម្ពុជាធិបតី។

តាមប្រវត្តិដដែលនេះបានឲ្យដឹងថា នៅថ្ងៃទារកឈ្មោះ វ៉ាន់សាក់ ប្រសូតនោះមានហេតុអស្ចារ្យមួយដោយមានភាពងងឹតពេញផ្ទៃរាជវាំង បណ្ដាលដោយសូរ្យគ្រាស គឺព្រះរាហូបាំងពន្លឺថ្ងៃពេញមួយថ្ងៃ។ ស្របនឹងព្រឹត្តិការណ៍នេះក៏មានភាពចលាចលកាប់ សម្លាប់គ្នានៃក្រុមរាជវង្សក្នុងព្រះរាជវាំងបណ្ដាលឲ្យសមាជិករាជវង្សានុវង្សប្រមាណ៤០ព្រះអង្គសោយទិវង្គតនៅថ្ងៃនោះ។

អ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ឲ្យដឹងទៀតថា ហោរារាជវាំងបានព្យាករណ៍ថា មានទារកចង្រៃកើតចំថ្ងៃនោះដែលត្រូវតែយកទៅប្រហារជីវិតឬបំបរបង់ ចោល។ សូមបញ្ជាក់ថា ពុំមានឯកសារផ្លូវការណាមួយដែលបានបញ្ជាក់ឬបដិសេធនូវប្រវត្តិដែល បានផ្ដល់ដោយអ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ខាងលើនេះឡើយ។

 

រីឯលោកបណ្ឌិត កេង វ៉ាន់សាក់ ដែលតែងទទួលសារភាពថាជាអ្នកប្រឆាំងរបបរាជានិយមដ៏ស្លាប់រស់ម្នាក់ នោះធ្លាប់ឲ្យដឹងថា មាតារបស់លោកបានជ្រើសរើសយកការចាកចេញពីរាជវាំងដើម្បីរស់នៅនិង ថែទាំលោកជារៀងរហូតមក។ ជាញឹកញាប់លោកបណ្ឌិត កេង វ៉ាន់សាក់ តែងមានប្រសាសន៍ប្រាប់អ្នកផងទាំងពួងអំពីការជាប់ចិត្តដឹងគុណគ្មានថ្ងៃភ្លេចបាននិងពុំមានអ្វីប្រៀបអំពីគុណូបការៈដ៏ធំធេងរបស់ មាតាលោក។ សូម្បីលោកមានជន្មាយុក្នុងវ័យ៨០ឆ្នាំហើយក្ដី លោកបណ្ឌិត កេង វ៉ាន់សាក់ ធ្លាប់បានឲ្យដឹងថា លោកតែងនឹកឃើញនិងមានពេលខ្លះលោកសម្រាន្តសោកសង្រេងយំខ្សឹកខ្សួល រហូតពេញមួយថ្ងៃក៏មាន ព្រោះនឹកឃើញសម្ដីដ៏ពីរោះប្រកបដោយក្ដីមេត្តា ភាពថ្នាក់ថ្នមលួងលោមឥតឃ្នើសរបស់មាតាលោកជានិច្ចនិងជាដរាប។

ក្នុងពេលមានជីវិតនៅឡើយ លោកបណ្ឌិតកេង វ៉ាន់សាក់ធ្លាប់ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីជាច្រើនរយម៉ោងអំពី រឿងរ៉ាវផ្សេងៗទាក់ទងនឹងជនជាតិខ្មែរដោយរួមទាំងរឿងអាថ៌កំបាំងក្នុងបញ្ហាជាតិនិងនយោបាយខ្មែរព្រមទាំង ប្រវត្តិផ្ទាល់ខ្លួនរបស់លោកផង។ វិទ្យុអាស៊ីសេរីនឹងនាំមកជូនស្ដាប់នូវវគ្គសម្ភាសន៍សំខាន់ៗខ្លះទាក់ទងនឹងរឿងរ៉ាវខាងលើទៅតាមពេលវេលាសមរម្យនិងភាពដែលអាចធ្វើទៅបានតាមការគួរ៕

ម៉ោង០៦:៥៣ ថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០០៩។

 

ប្រភពវិទ្យុអាស៊ីសេរី

Recently Posts