ក្រសួង​ការ​បរទេស​ស​ម្តែ​ង​ការ​សោកស្តាយ​​ចំពោះ​​ការ​​មិន​​ផ្តល់​​ទិដ្ឋាការ​របស់​​អាមេរិក​ដល់​មន្ត្រី​កម្ពុជា

  • 2017-12-09 02:01:36
  • Views 22

Shares

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជានៅថ្ងៃសុក្រនេះ បានឲ្យដឹងថាប្រតិកម្មរបស់សហរដ្ឋអាមេរិក មកលើកម្ពុជាគឺធ្វើឡើងក្រោមហេតុផលនយោបាយ។ សេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាដូច្នេះ បានធ្វើឡើងបន្ទាប់ពី ក្រសួងការបរទេសអាមេរិក ប្រកាសកាលពីថ្ងៃទី៦ធ្នូថា នឹងលែងផ្តល់ទិដ្ឋាការទៅកាន់អាមេរិកដល់មន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួន រួមនឹងក្រុមគ្រួសាររបស់ពួកគេផងដែរ។

visa

នៅក្នុងលិខិតដែលចុះកាលបរិច្ឆេទថ្ងៃទី៧ធ្នូ ហើយដែលត្រូវបានចេញផ្សាយដល់អ្នកកាសែតនៅថ្ងៃទី៨ធ្នូនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានលើកយកចំណុចសំខាន់ៗចំនួន ៧មកនិយាយ។ ក្រៅពីពាក្យខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង អ្នកនាំពាក្យក្រសួងការបរទេស បានពន្យល់ថា អាមេរិកពុំបានពិចារណាលើអង្គហេតុ និងអង្គច្បាប់ជុំវិញការវិវឌ្ឍនយោបាយថ្មីៗនៅកម្ពុជា ហើយការសម្រេចចិត្តគឺធ្វើឡើងដោយសារហេតុផលនយោបាយ ដោយមានការគិតទុកជាមុន និងមានស្តង់ដារពីរ។

បន្ថែមពីនេះ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ក៏បានលើកឡើងពីការផ្ទុយនឹងស្មារតីនៃការប្រឹងប្រែងបន្តកិច្ចព្រមព្រៀងធ្វើឲ្យប្រសើរឡើងរវាងកម្ពុជានិងអាមេរិក និងអះអាងថាវិធានការនានាប្រឆាំងនឹងបុគ្គល អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនតូច ដែលបំពានច្បាប់គឺជាការលើកកំពស់លទ្ធិប្រជាធិបតេយ្យនិងជាការពង្រឹងនីតិរដ្ឋ។ ផ្ទុយទៅវិញ ការគាំទ្រណាមួយដល់បុគ្គល និងអង្គភាពដែលបំពានច្បាប់គឺមានន័យស្មើនឹងការសម្លាប់ដំណើរការប្រជាធិបតេយ្យប្រកបដោយសន្តិភាពក្រោមនីតិរដ្ឋនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។

សូមរំលឹកថា កាលពីថ្ងៃទី៦ធ្នូកន្លងទៅ ក្រសួងការបរទេសអាមេរិក បានប្រកាសថា នឹងលែងផ្តល់ទិដ្ឋាការដល់មន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួន រួមនឹងក្រុមគ្រួសាររបស់ពួកគេផងដែរ ក្នុងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ក្រោមហេតុផលថា មន្ត្រីទាំងនោះបានរួមចំណែកបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ បន្ថែមលើវិធានការនេះ អាមេរិកក៏បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបង្វិលស្ថានការណ៍ទាំងអស់ឲ្យដូចដើមឡើងវិញដែលទង្វើនេះអាចឈានទៅរកការលើកលែងបម្រាមថ្មីរបស់អាមេរិកនេះវិញ។

ទោះយ៉ាងណា នៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជានៅថ្ងៃនេះ បានហៅប្រតិកម្មរបស់អាមេរិកថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជាដែលជារដ្ឋអធិបតេយ្យ។ ក្រសួងការបរទេសក៏បានបង្ហាញពីបទពិសោធន៍របស់កម្ពុជាពីអតីតកាលដែលជួបប្រទះនូវការបំផ្លិចបំផ្លាញដោយសង្គ្រាម ដោយសារការលូកដៃពីបរទេស។ ក្រៅពីនេះ ប្រតិកម្មរបស់សហរដ្ឋអាមេរិកចំពោះការវិវឌ្ឍនយោបាយនៅកម្ពុជានាពេលថ្មីៗនេះ ហាក់ដូចជាធ្វើឡើងមិនមែនក្រោមហេតុផលនៃគោលការលទ្ធិប្រជាធិបតេយ្យនោះទេ ប្រសិនបើពិចារណាលើការប្រព្រឹត្តរបស់អាមេរិកចំពោះប្រទេសផ្សេងទៀតអំពីបញ្ហាប្រជាធិបតេយ្យនិងបញ្ហាគោរពសិទ្ធិមនុស្ស៕

untitled-1_cop11y
Recently Posts