បារាំងថាលីបង់មិនមែនជាល្បែងសម្រាប់​អារ៉ាប៊ីសាអូឌីត​គំរាមនោះទេ

  • 2017-12-09 00:51:31
  • Views 140

Shares

ក្រោយវិបត្តិនាយករដ្ឋមន្ត្រីលីបង់ សាដ ហារិរី ប្រកាសលាលែងចេញពីតំណែងដោយបង្ខំ និងដោយភ្ញាក់ផ្អើល ពីប្រទេសអារ៉ាប៊ីសាអូឌីត កាលពីដើមខែវិច្ឆិកា ដែលបានជំរុញឱ្យលីបង់ធ្លាក់ក្នុងភាពមិនប្រាកដប្រជានយោបាយមក នៅថ្ងៃសុក្រនេះ ក្រុមប្រទេសជាមិត្តរបស់លីបង់ បានជួបប្រជុំគ្នានៅទីក្រុងទីប៉ារីស ក្រោមវត្តមានរបស់លោកប្រធានាធិបតីបារាំង និង ប្រមុខការបរទេសអាមេរិក។ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានធ្វើសេចក្តីអំពាវនាវនៅថ្ងៃសុក្រនេះទៅកាន់សហគមន៍អន្តរជាតិ ឱ្យជួយនាយករដ្ឋមន្ត្រីលីបង់ ស្តារប្រទេសចេញពីវិបត្តិ និងកុំឱ្យមានការជ្រៀតជ្រែក ពីមហាអំណាចក្នុងតំបន់។

emmanuel-macron-inauguration-speech-afp_650x400_81494769162

នៅក្នុងជំនួបប្រជុំនៃក្រុមអន្តរជាតិជាមិត្តលីបង់ ដែលរួមមានប្រទេសជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង៥ + អាល្លឺម៉ង់ និងអ៊ីតាលី លោកប្រធានាធិបតីបារាំង បានអំពាវនាវឱ្យសហគមន៍អន្តរជាតិទាំងមូលជួយគាំទ្ររដ្ឋាភិបាលលោក ហារិរី ដែលទើបរងឥទ្ធិពលខ្លាំងពីអារ៉ាប៊ីសាអូឌីត។ ដើម្បីស្ថិរភាពនិងការពារប្រទេសលីបង់ គ្រប់ភាគីទាំងអស់ ទាំងនៅលីបង់ និងទាំងដៃគូក្នុងតំបន់ទាំងអស់ ត្រូវចេះគោរពគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នា។

លីបង់មិនមែនជាវត្ថុ ជាល្បែង ឬជាតួអង្គនៃជម្លោះទេ។ នេះជាប្រសាសន៍របស់លោកម៉ាក្រុង សំដៅកាន់ទៅអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត។ លោកប្រធានាធិបតីបារាំងក៏បង្ហោះសារទៅចលនាឈីអ៊ីតហេស្បូឡាលីបង់ ដែលមានអ៊ីរ៉ង់នៅពីក្រោយខ្នង ឱ្យឈប់លូកដៃទៅក្នុងវិបត្តតំបន់ដូចយ៉ាងស៊ីរី ព្រោះការមិនជ្រៀតជ្រែកក្នុងជម្លោះតំបន់ និងអធិបតេយ្យភាពលីបង់ ជាមូលដ្ឋានគ្រឹះដែលត្រូវប្រកាន់យក។

បន្ថែមពីលើនេះទៀត បារាំងបានសន្យាស្វែងរកជំនួយសសន្តិសុខ សេដ្ឋកិច្ច និងមនុស្សធម៌ ជួយលីបង់ ដោយគ្រោងនឹងរៀបចំសន្និសីទនៅដើមឆ្នាំ២០១៨ នៅទីក្រុងប៉ារីសដើម្បីរកជំនួយសេដ្ឋកិច្ច និងនៅទីក្រុងរ៉ូម ដើម្បីប្រមូលជំនួយយោធា។

 

នាយករដ្ឋមន្ត្រីលីបង់ បានសម្តែងអំណរគុណបារាំង ដែលបានរៀបចំជំនួបនេះ និងបានជួយលីបង់ឱ្យដើរចេញពីវិបត្តិនយោបាយ ដោយបានរំលឹកថា ជួយលីបង់ឱ្យមានស្ថិរភាព នយោបាយ សេដ្ឋកិច្ច ប្រៀបដូចជាបានជួយដោះស្រាយវិបត្តិជនភៀសខ្លួន ព្រោះលីបង់ទទួលឱ្យជ្រកកោនជនភៀសខ្លួនស៊ីរីប្រមាណជាង១លាននាក់កន្លះ។ ស្ថិរភាពលីបង់ ដែលកំពុងជួបការស្មុគស្មាញបន្ថែមទៀត ក្រោយពីសេចក្តីប្រកាសរបស់លោកត្រាំទទួលស្គាល់ ក្រុងហ្ស៊េរុយសាឡិមជារដ្ឋធានីអ៊ីស្រាអែល ដោយចលនាហេស្បូឡាលីបង់បានប្រកូកប្រកាសរួចទៅហើយឱ្យមានបាតុកម្មទ្រង់ទ្រង់ធំប្រឆាំងនឹងសេចក្តីសម្រេចរបស់អាមេរិក៕

Recently Posts