លោក សម រង្ស៊ីត្រូវបានជាប់ពាក្យបណ្ដឹងថ្មីតុលាការនឹង​ចាត់​ការ​ពាក្យ​បណ្ដឹង​នេះ​ជា​បន្ទាន់​

  • 2017-12-08 05:10:20
  • Views 137

Shares

មេធាវីតំណាងឲ្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី០៧ខែធ្នូនេះបានដាក់ពាក្យប្ដឹងលោក សម រង្ស៊ី ជាផ្លូវការទៅកាន់សាលាដំបូងរាជធានីភ្នំពេញពីបទញុះញង់ឲ្យកងកម្លាំងកុំស្ដាប់បញ្ជារបស់ប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ថ្លែងក្រោយដាក់ពាក្យបណ្ដឹង មេធាវីតំណាងឲ្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទស្នើឲ្យតុលាការចាត់ការពាក្យបណ្ដឹងនេះជាបន្ទាន់ព្រោះបានប៉ះពាល់ខ្លាំងដល់សន្តិសុខជាតិ។

 

rainsy_6

លោក វង្ស ភក្ដី មេធាវីតំណាងឲ្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបានគូសបញ្ជាក់ថា ពាក្យបណ្ដឹងរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទមិនបានទាមទារសំណងអ្វីទេ ក្រៅតែពីទាមទារឲ្យតុលាការអនុវត្តច្បាប់ឲ្យបានខ្លាំងចំពោះការលើកឡើងរបស់លោក សម រង្ស៊ី ។ ការលើកឡើងរបស់លោក សម រង្ស៊ី ដែលត្រូវបានលោកមេធាវីចាត់ទុកថា ធ្វើឲ្យប៉ះពាល់ខ្លាំងដល់សន្តិសុខជាតិ ព្រោះជាសម្ដីមានចរឹកញុះញង់ដល់កម្លាំងប្រដាប់អាវុធមិនឲ្យស្ដាប់តាមបញ្ជារបស់ប្រមុខរដ្ឋាភិបាល។ ដូច្នេះតុលាការគួរតែចាត់ការលើរឿងនេះជាបន្ទាន់ព្រោះបានប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។ នេះបើតាមលោកមេធាវី។លោកមេធាវី វង្ស ភក្ដី ជឿជាក់ថា ភស្តុតាងដែលលោកបានដាក់ទៅតុលាការទន្ទឹមនឹងពាក្យបណ្ដឹងនោះគឺមានទម្ងន់គ្រប់គ្រាន់នៅក្នុងការដាក់បន្ទុកដល់លោក សម រង្ស៊ី។ ភស្ដុតាងទាំងនោះរួមមាន៖ខ្សែអាត់សំឡេង ខ្លឹមសារដែលមានសសេរនៅលើទំព័រហ្វេសបុកលោក សម រង្ស៊ី ជាដើម។

សូមញ្ជាក់ថា ការដាក់ពាក្យបណ្ដឹងប្រឆាំងលោក សម រង្ស៊ី នៅថ្ងៃទី៧ធ្នូនេះ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិចេញមុខមកធ្វើសន្និសីទកាសែតនៅថ្ងៃពុធម្សិលមិញថ្កោលទោសចំពោះការលើកឡើងរបស់លោក សម រង្ស៊ី។ លោក សម រង្ស៊ី ដែលបានបង្ហោះខ្លឹមសារនៅលើទំព័រហ្វេសបុកនៅថ្ងៃទី៥និងទី៦ខែធ្នូដោយស្នើឲ្យ កងកម្លាំងប្រដាប់អាវុធ ពលទាហាន និងនគរបាល កុំធ្វើតាមបញ្ជាពីមេដឹកនាំផ្ដាច់ការ បើគេបញ្ជាឲ្យបាញ់ប្រហារនិងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់។

ពីក្រៅប្រទេសមកវិញលោក សម រង្ស៊ី មិននៅស្ងៀមឡើយ ដោយ ជម្រុញ ឲ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹងមករូបលោកបន្ថែមទៀតថា បានក្បត់ជាតិ។ហើយថា រាល់ពាក្យបណ្តឹងរបស់លោក ហ៊ុន សែន ឈរលើការចោទប្រកាន់បែបនេះ ធ្វើឲ្យសាធារណៈមតិ មើលឃើញកាន់តែច្បាស់ ថាលោកហ៊ុន សែន ជាជនផ្តាច់ការ ហើយជាមនុស្សល្ងង់ខ្លៅ។ នេះបើតាមខ្លឹមសារ ដែលលោកសម រង្ស៊ី ទើបបានបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោក កាលពីយប់មិញ ភ្លាមៗក្រោយការប្រកាសដាក់ពាក្យបណ្តឹងទៅតុលាការ របស់ស្ថាប័នកំពូលនៃកងយោធពលខេមរភូមិន្ទ។ ជាការកត់សម្គាល់ប្រតិកម្មបានធ្លាក់មកជាមួយនឹងការទាញភ្ជាប់លោក សម រង្ស៊ី និងកូនបុគ្គលក្បត់ជាតិ។

គួររម្លឹកថា ពាក្យបណ្ដឹងប្ដឹងលោក សម រង្ស៊ីពីបទញុះញង់ឲ្យកងកម្លាំងកុំស្ដាប់តាមបញ្ជាមេដឹកនាំផ្ដាច់ការគឺជាករណីថ្មីមួយទៀតបន្ទាប់ពីពាក្យបណ្ដឹងចាស់ៗត្រូវបានតុលាកាត់ទោសរួចរាល់ហើយ។ ករណីចាស់ៗទាំងនោះរួមមាន ពាក់ព័ន្ធការក្លែងឯកសារធារណៈរឿងបង្ហោះឯកសារព្រំដែនកម្ពុជាវៀតណាមដែលជាប់ពន្ធនាគារ៥ឆ្នាំ ។ បណ្តឹងស្តីពីបទបរិហាកេរ្តិ៍លោក ហេង សំរិន។ បណ្តឹងស្តីពីបទបរិហាកេរ្តិ៍លើលោក ហ៊ុន សែន ថានៅពីក្រោយឃាតកម្មលោក កែម ឡី និងបណ្ដឹងទាក់ទងរឿងរ៉ាវហ្វេសបុកដែលលោក សម រង្ស៊ី ថា លោក ហ៊ុន សែន បានទិញLike feabook ជាដើម៕

 
 
Recently Posts