រដ្ឋសភា​​បើក​កិច្ចប្រជុំពេញអង្គ​លើក​ទី៩ នីតិកាល​ទី៥ បាន​ទទួលស្គាល់តំណាងរាស្ត្រ​ថ្មី​៤៤រូប មកពី​គណបក្ស​ចំនួន០៣

  • 2017-11-28 05:21:13
  • Views 45

Shares
national_assembly

ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភានៅថ្ងៃទី ២៧ វិច្ឆិកា នេះ រដ្ឋសភាដែលបានបើកកិច្ចប្រជុំពេញអង្គលើកទី៩ នីតិកាលទី៥ បានប្រកាសទទួលស្គាល់សុពលភាពតំណាងរាស្ត្រថ្មីចំនួន៤៤រូប មកពីគណបក្សនយោបាយចំនួន០៣។ ក្នុងនោះរួមមាន ទី១.គណបក្សហ្វ៊ុនស៊ិនប៉ិច មានចំនួន ៤១រូប ទី២.គណបក្សសញ្ជាតិកម្ពុជាចំនួន២រូប និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចមានចំនួន១រូប គឺលោក ហួន រាជចំរើន ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល។

កិច្ចប្រជុំរដ្ឋសភានៅថ្ងៃនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់លោក ហេង សំរិន ប្រធានរដ្ឋសភាដោយមានកូរ៉ុមចំនួន៦៧នាក់ ប៉ុន្តែមិនឃើញមានវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។ ដោយឡែក សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ដែលបានអវត្តមានពីកៅអីរដ្ឋសភាជាង១០ឆ្នាំ ពោលគឺចាប់តាំងពីព្រះអង្គត្រូវបានធ្វើបក្សប្រហារកាលពីខែតុលា ឆ្នាំ ២០០៦ មកនោះ បានបង្ហាញព្រះភក្ត្រនៅក្នុងកិច្ចប្រជុំនេះជាលើកដំបូងនៅក្នុងសម្លៀកបំពាក់អាវធំក្រវ៉ាត់ករពណ៌ផ្ទៃមេឃ។ អំណឹះតទៅ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច។

អត្ថបទវិទ្យុបារាំង

 

Recently Posts