រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ ប្រាប់​ថា យីងឡាក់ លួច​ប្រើ​លិខិត​ឆ្លង​ដែន​ប្រទេស​ផ្សេង ដើម្បី​ចូល​អង់គ្លេស

  • 2018-01-10 03:41:47
  • Views 14

Shares
yingluck-9_large_large_large

លោក Don Pramudwinai រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានបញ្ជាក់កាលពីម្សិលមិញថា លោកស្រី យីងឡាក់ ពិតជាកំពុងរស់នៅប្រទេសអង់គ្លេសយ៉ាងប្រាកដមែន គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧ មកម៉្លេះ។

លោក Don បន្ថែមថា ដើម្បីចូលទៅរស់នៅអង់គ្លេស អតីតនាយករដ្ឋមន្ត្រីរូបនេះបានប្រើប្រាស់លិខិតឆ្លងដែនរបស់ប្រទេសផ្សេង ខណៈដែលលិខិតឆ្លងដែនប្រទេសថៃចំនួន៤របស់លោកស្រីត្រូវបានរដ្ឋាភិបាលសម្រេចដកហូត។ លោករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា លោកទទួលបានព័ត៌មាននេះពីរដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេស។

បើទោះជាទទួលបានដំណឹងនេះក្ដី ភាគីថៃនៅមិនទាន់ចាត់វិធានការបន្ទាន់ណាមួយនោះទេ ដោយលោក Don និយាយថា បញ្ហានេះត្រូវពិនិត្យឲ្យគ្រប់ជ្រុងជ្រោយជាមុនសិន។ យ៉ាងណាមិញ ទំនាក់ទំនងរវាងថៃ និងអង់គ្លេស នឹងមិនអាចជះឥទ្ធិពលអាក្រក់ ព្រោះតែរឿងនេះឡើយ។

គួរបញ្ជាក់ថា កាលពីដើមខែមករានេះ រដ្ឋាភិបាលថៃ បានធ្វើការស្នើសុំឲ្យអង់គ្លេស បញ្ជាក់ពីវត្តមាន ក៏ដូចជាទីតាំងរស់នៅរបស់លោកស្រី យីងឡាក់ ក្រោយពីមានព័ត៌មានបែកធ្លាយអំពីរូបថតរបស់លោកស្រីកំពុងដើរទិញអីវ៉ាន់នៅទីក្រុងឡុងដ៍ កាលពីពេលថ្មីៗ។

លោកស្រី យីងឡាក់ បានបាត់ខ្លួនពីប្រទេសថៃ ចាប់តាំងពីខែសីហា ឆ្នាំ២០១៧មកម៉្លេះ ដោយខកខានមិនបានចូលរួមស្ដាប់ការប្រកាសសាលដីការបស់តុលាការកំពូលថៃ។ លោកស្រី ត្រូវតុលាការចោទប្រកាន់ពាក់ព័ន្ធនឹងរឿងមិនប្រក្រតីក្នុងការទិញស្រូវមកស្ដុកទុក ដែលធ្វើឲ្យខាតបង់ថវិការដ្ឋយ៉ាងហោចណាស់ ៨ពាន់លានដុល្លារ៕

ប្រភព៖ Bangkokpost ប្រែសម្រួល៖ ឈាង.

ប្រភពខ្លីៗ

 

Recently Posts