ស្ពានហាលអង្គរត្រិូវបានជួសជុលត្រង់ចំណុចខូចខ្លាំង

  • 2018-01-04 02:16:02
  • Views 115

Shares
bridge-angkor-2_large

គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) បានសម្រេចក្នុងកិច្ចប្រជុំចុងក្រោយកាលពីខែធ្នូកន្លងទៅ ដោយអនុញ្ញាតឲ្យក្រុមការងារធ្វើការជួសជុលសាកល្បងទៅលើចំណុចលំបាកខ្លាំងប្រវែង ៤ ទៅ៥ម៉ែត្រ នៃស្ពានហាលខាងលិចប្រាសាទអង្គរវត្ត។ នេះបើតាមការចេញផ្សាយរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី៣ ខែមករាម្សិលមិញ។

បច្ចេកទេសជួសជុលនៃគម្រោងជួសជុលស្ពានហាលដំណាក់កាលទី២នេះ គឺនឹងមិនរុះរើជញ្ជាំងស្ពានហាលនោះទេ ដើម្បីឲ្យដឹងថា តើអ្វីខ្លះជាភាពប្រឈមខ្លាំង និងបន្តរិះរកមធ្យោបាយបន្ថែមទៀត ដើម្បីដោះស្រាយ។ ដូច្នេះ ក្រុមការងារនឹងអនុវត្តគម្រោងសាកល្បងនេះ ក្នុងរយៈពេលឆាប់ៗខាងមុខនេះ។

bridge-angkor-1_large

គោលបំណង និងទស្សនៈរួមផ្នែកបច្ចេកទេសជួសជុលរចនាសម្ព័ន្ធស្ពានហាលនេះ គឺ រក្សាទម្រង់ដើមរបស់សំណង់ រួមទាំងរក្សាប្រវត្តិនៃការជួសជុល បច្ចេកទេសនិងស្នាដៃស្ថាបត្យកម្ម។ ក្នុងនោះក្រុមការងារបានបើករណ្តៅកំណាយស្រាវជ្រាវចំនួន ៥កន្លែង ដែលស្ថិតតាមបណ្តោយនៃកម្រាលស្ពានហាល ដើម្បីសិក្សា និងប្រៀបធៀបរចនាសម្ព័ន្ធខាងស្ថាបត្យកម្ម ព្រមទាំងស្វែងយល់ពីប្រវត្តិនិងវាយតម្លៃនូវកម្រិតនៃភាពខូចខាតរបស់ស្ពានហាល។

សូមជម្រាបថា គម្រោងជួសជុលស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត បានបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ដោយគ្រោងនឹងចំណាយពេល ៤ឆ្នាំដើម្បីឲ្យរួចរាល់។ នេះជាគម្រោងសហការជំហានទី២ រវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន បន្ទាប់ពីដំណាក់កាលទី១ នៃគម្រោងសហការដែលបានជួសជុលស្ពានហាលនេះប្រវែង ១០០ម៉ែត្រ រួចរាល់ជាស្ថាពរ (១៩៩៦-២០០៧)។

គម្រោងជួសជុលដំណាក់កាលទី២នេះ ភាគីជប៉ុនបានផ្ដល់អ្នកជំនាញការបច្ចេកទេស ព្រមទាំងសម្ភារៈបច្ចេកទេសទំនើបៗ ដើម្បីងាយស្រួលក្នុងកិច្ចការជួសជុល។ ចំណែកអាជ្ញាធរជាតិអប្សរាទទួលបន្ទុក ទាំងថវិកា និងកម្លាំងពលកម្ម ដោយក្នុងនោះ អ្នកជំនាញខ្មែរចំនួន៤នាក់ដែលជាស្ថាបត្យករ បុរាណវិទូ និងពលករជំនាញចំនួន ៥៤នាក់ កំពុងធ្វើការរួមគ្នាជាមួយអ្នកបច្ចេកទេសជប៉ុនមកពីសាកលវិទ្យាល័យសូហ្វីយ៉ា៕

អត្ថបទ៖ សំភី

ប្រភពខ្លីៗ

 
 
Recently Posts