នៅចុង​ខែ​នេះអ្នក​ជំនាញ​វេជ្ជសាស្ត្រ វាយ​តម្លៃ​លើ​សម្បទា​របស់​ នួន ជា និង​ ខៀវ សំផន

  • 2018-01-03 02:09:25
  • Views 152

Shares
nounchea-2_large_copy

អ្នកជំនាញវេជ្ជសាស្ត្របរទេស ២រូប និងគ្រូពេទ្យខ្មែរ នឹងពិនិត្យវាយតម្លៃលើសម្បទា ផ្នែករាងកាយ ឬបញ្ញាស្មារតីរបស់ជនជាប់ចោទ នួន ជា និងខៀវសំផន រយៈពេល ២ថ្ងៃ នៅថ្ងៃទី២៩-៣០ ខែមករា ឆ្នាំ២០១៨។ ដីកាបង្គាប់ឲ្យអ្នកជំនាញ ពិនិត្យវាយតម្លៃលើសម្បទារបស់អតីតមេខ្មែរក្រហមទាំងពីរនេះ ត្រូវបានលោក ចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចេញកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧។ ដីកានេះ ត្រូវបានតុលាការខ្មែរក្រហម ផ្សព្វផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៨។

ការពិនិត្យវាយតម្លៃនេះ ដើម្បីឲ្យប្រាកដថា អតីតមេដឹកនាំខ្មែរក្រហមចាស់ជរា ដែលកំពុងជាប់ឃុំឃាំងទាំងពីរ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចូលរួមសវនាការប្រកាសសាលក្រមលើសំណុំរឿង ០០២/០២ នាឆ្នាំ២០១៨នេះ។

ដីកា បង្ហាញថា លទ្ធផលនៃការពិនិត្យផ្នែកវេជ្ជសាស្ត្រលើជនជាប់ចោទទាំងពីរ នឹងត្រូវដាក់ជូនអង្គជំនុំជម្រះសាលាដំបូង នៅត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ និងសំណៅនៃរបាយការណ៍ជាភាសាអង់គ្លេស នឹងបញ្ជូនទៅភាគី នៅត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ហើយសំណៅនៃរបាយការណ៍ ដែលបានបកប្រែរួច នឹងផ្តល់ជូនមេធាវីការពារក្តីជនជាប់ចោទ នៅត្រឹមថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨។

ដីកាដដែល បានកត់សម្គាល់ថា ប្រសិនបើមានតម្រូវការពីអង្គជំនុំជម្រះនោះ អ្នកជំនាញនឹងត្រូវធ្វើការបង្ហាញលទ្ធផលនៃការពិនិត្យផ្នែកវេជ្ជសាស្ត្ររបស់ខ្លួន និងឆ្លើយតបទៅនឹងសំណួររបស់ភាគីនានា នៅក្នុងសវនាការ ដែលត្រូវធ្វើឡើង នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨។

អង្គជំនុំជម្រះសាលាដំបូងរបស់តុលាការខ្មែរក្រហម បានប្រកាសថា អំឡុងពេលពិនិត្យវាយតម្លៃលើសម្បទារបស់នួនជា និងខៀវសំផន កាលពីខែកក្កដា ឆ្នាំ២០១៦ អ្នកជំនាញ បានរកឃើញថា ការចងចាំ និងមុខងារបញ្ញាស្មារតីរបស់ជនជាប់ចោទទាំងពីរ អាចនឹងធ្លាក់ចុះជាបន្តបន្ទាប់ ទៅតាមអាយុរបស់ពួកគាត់ និងបានផ្តល់អនុសាសន៍ថា ជនជាប់ចោទទាំងពីរ គួរតែធ្វើការពិនិត្យមុខងារបញ្ញាស្មារតីឲ្យបានទៀងទាត់៕

 

អត្ថបទ៖ លីហៀង

ប្រភពខ្លីៗ

 

Recently Posts