អស់រយៈពេល ៣ថ្ងៃ​ហើយភ្លើង​ឆេះ​ព្រៃ​នៅ​មណ្ឌលគិរី នៅ​មិន​ទាន់​រលត់

  • 2017-12-25 00:42:21
  • Views 115

Shares
2_large

ភ្លើងបានឆាបឆេះព្រៃយ៉ាងសន្ធោសន្ធៅ នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២២ ខែធ្នូ និងរាលដាលឆេះឈើអស់ជាច្រើន។ លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចគ្រប់អង្គភាពមន្ត្រីជំនាញទូទាំងខេត្តចុះទៅជួយពន្លត់ភ្លើងឆេះព្រៃនេះ ប៉ុន្តែនៅតែមិនទាន់រលត់ទាំងស្រុងនោះទេ គិតត្រឹមថ្ងៃទី២៤ ធ្នូ។

រស្មីកម្ពុជា បានចុះផ្សាយថា ភ្លើងបានរាលដាលឆេះឈើនៅក្នុងក្រុមហ៊ុនមួយឈ្មោះ ដាយណាម បណ្តាលឲ្យឆេះឈើអស់ជាច្រើនម៉ែត្រគូប ក្នុងនោះកំពុងបន្តឆេះរាលដាលនៅទីតាំងគម្របព្រៃឈើផ្សេងៗទៀត នៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

លោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៤ ខែធ្នូនេះថា ភ្លើងឆេះព្រៃ និងឆេះឈើនៅក្នុងក្រុមហ៊ុនខាងលើនោះ ពិតជាបានកើតឡើងមែន។ កងកម្លាំងកងរាជអាវុធហត្ថខេត្ត ស្រុក រួមទាំងកងកម្លាំងចម្រុះជាច្រើនកំពុងចុះទៅទីតាំងអគ្គិភ័យកំពុងឆាបឆេះនោះដើម្បីជួយពន្លត់ ប៉ុន្តែដោយសារទំហំនៃការឆាបឆេះមានទំហំធំធេងពេក កម្លាំងអាវុធហត្ថមានការលំបាកក្នុងការជួយពន្លត់។ យ៉ាងណាក្ដី លោកថា មកទល់ពេលនេះ (២៤ ធ្នូ) ភ្លើងបានរលត់ស្ទើរទាំងស្រុងហើយ។

1_large

លោក អ៊ុក សំណាង ស្នងការខេត្តមណ្ឌលគិរី បានបញ្ជាក់ដែរថា ទោះបីទីតាំងភ្លើងឆេះព្រៃ និងរាលដាលឆេះឈើនៅក្នុងក្រុមហ៊ុនខាងលើមានចម្ងាយនៅឆ្ងាយពីទីរួមខេត្ត យ៉ាងណាលោកស្នងការនៅតែធ្វើការបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅកាន់ទីតាំងនោះដើម្បីជួយធ្វើការពន្លត់។

លោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បានធ្វើការសន្និដ្ឋានជំហានដំបូងថា ភ្លើងឆេះព្រៃនេះ អាចកើតឡើងដោយសារការធ្វេសប្រហែសរបស់បងប្រជាពលរដ្ឋដែលធ្វើការអាស្រ័យផលនៅក្នុងព្រៃ ដូចជាដុតដើមឈើយកជ័រមិនបានពន្លត់មុនចាកចេញ ឬបោះកន្ទុយបារីចោលដោយពាសវាលពាសកាលមិនបានប្រុងប្រយ័ត្ន៕

ប្រភព៖ រស្មីកម្ពុជា ប្រែសម្រួល៖ សុខ សុវត្ថិ

ប្រភពខ្លីៗ

Recently Posts